សម្តេចតេជោ ហ៊ុន សែន៖ ការមិនព្រមរៀន និងមិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការមិនព្រមរៀន និងមិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ រាំងស្ទះរបៀបធ្វើការងារ ឬក៏ឆ្លយតបមិនលឿន។
មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការនៅត្រឹងស្មើនឹងការដើរថយក្រោយ ឬអភិរក្ស ដែលជាឧបសគ្គដល់ដំណើរនៃការអភិវឌ្ឍ។
សម្តេចបានថ្លែងថា សភាពការណ៍វិវត្តលឿនណាស់ ការនៅទ្រឹងណាមួយ វាស្មើនឹងមានចរិតថយក្រោយ»។ ដែលចំណុចនេះគឺជាការរំឮកទៅកាន់រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអភិបាលខេត្ត ឱ្យខិតខំរៀនសូត្របន្ថែម ដោយកាត់ចោលនូវភាពខ្មាសអៀន ក្នុងការសាកសួរទៅមន្ត្រីថ្នាក់ក្រោម នៅពេលដែលខ្លួនមិនចេះ ជាពិសេសជំនាញបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម័យនេះហើយមិនចាំបាច់ស្ពាយសៀវភៅ ជាច្រើនទៅទេ ក្នុងទូរស័ព្ទដៃ និងក្នុង Ipad របស់សម្តេចមានសៀវភៅជាង៦០ក្បាល បើចង់អានសៀវភៅណា គឺបើកទៅមើលកន្លែងហ្នឹង ហើយជូនកាលមានតម្រូវការកែឯកសារខ្លះ បន្ថែមពីនេះ គ្រាន់តែធ្វើពីដំណើរពីភ្នំពេញ ហោះឆ្ពោះចេញទៅដល់សហរដ្ឋអាមេរិក សម្តេចបានកែបានឯកសារច្រើនណាស់ ដើម្បីបញ្ចូនមកកែតម្រូវ ដើម្បីចូលរោងពុម្ព៕
