ឯកឧត្តម សាយ សំអាល៖ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជន បាននាំមកនូវសន្ដិភាពពេញលេញជូនជាតិ និងកសាងសេដ្ឋកិច្ចជាតិឲ្យស្គាល់នូវការរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្ដិភាពពេញលេញជូនជាតិ និងកសាងសេដ្ឋកិច្ចជាតិឲ្យស្គាល់នូវការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។ យើងបានឈានមកដល់កម្រិតមួយថ្មី ដែលសេដ្ឋកិច្ចកម្ពុជាទទួលបានការរីកចម្រើន យ៉ាងឆាប់រហ័សក្នុងរយៈពេលជាង២ទស្សវត្ស ដោយទទួលបានកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧,៥%។ ជាលើកទី១ ដែលសេដ្ឋកិច្ចកម្ពុជា មិនពឹងផ្អែកលើធនធានធម្មជាតិ និងដែលប្រជាពលរដ្ឋមានចំណេះដឹងកាន់តែខ្ពស់ ដោយមិនចាំបាច់ពឹងផ្អែកលើការធ្វើកសិកម្មទាំងស្រុង ហើយងាកមកបម្រើការក្នុងវិស័យសេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ ដែលបានធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
នេះជាការលើកឡើងក្នុងឱកាសដែរ ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិក សមាជិកាថ្មីចំនួន ១,៧៤១នាក់ នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ការិយាល័យគណៈទាំង៦ នៃគណៈកម្មាធិការគណបក្សស្រុកស្ទឹងហាវ និងអគារសាលប្រជុំគណបក្សឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ៕
