សម្ដេចតេជោ ហ៊ុន សែន កំណត់រយៈពេលទទួលពាក្យអតីតបុគ្គលិកវិទ្យុវីអូឌី ចូលក្របខណ្ឌរដ្ឋ ត្រឹមម៉ោង១៧:០០នាទីថ្ងៃទី២៨ ខែកុម្ភៈ

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋជូនដល់បុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បងការងារធ្វើ។
គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានបុគ្គលិកវិទ្យុវីអូឌីចំនួន៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។
ដើម្បីបញ្ចប់ការងារនេះ សម្តេចតេជោ ហ៊ុន សែន បានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧:០០នាទីថ្ងៃ២៨កុម្ភះ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយ។
សម្តេចតេជោ ក៏បានអរគុណចំពោះអ្នកបង្ហោះសារថាបុគ្គលិកវីអូឌីមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។
«ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខណ្ឌរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ» ៕
