ឯកឧត្តម ហ៊ុន ម៉ាណែត៖ ដរាបណាប្រជាជននៅតែផ្តល់ការទុកចិត្តលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ។
ការថ្លែងរបស់ឯកឧត្ដមបែបនេះធ្វើឡើង នៅក្នុងឳកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោល ស្ថិតក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ សម្តេចតេជោ ដែលបានកសាងក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ កេរដំណែលចម្បងបំផុត គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន។ ហើយសម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត សម្តេតេជោ មានមហិច្ឆតា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូចទៅនឹងបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។
ឯកឧត្តម បណ្ឌិត បញ្ជាក់បន្ថែមទៀតថា “ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្តន៍”៕

