សម្ដេចតេជោ៖ កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ទៅឱ្យប្រទេសកំណើតវិញ មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជា ទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្គ្រាន្តក្នុងពេលតែមួយរួមគ្នា ។
នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះ ដើម្បីបញ្ជូនអ្នកទោសជនជាតិថៃ និងឡាវ ឱ្យបានត្រឡប់ទៅប្រទេសថៃ និងឡាវវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។
សម្តេចបានអះអាងថា សម្តេចក៏បានប្រាប់ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងពន្ធនាគារ សហការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារនេះឱ្យបានឆាប់ផងដែរ ៕
