បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ។
ការថ្លែងរបស់ឯកឧត្ដមបែបនេះធ្វើឡើងក្នុងឳកាស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងឳកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងទីអារាមដែលមានវ័យចំណាស់ជាង ១០០ ឆ្នាំមួយនេះ និងដែលមានជាប់ទាក់ទិនទៅនឹងរឿងព្រេងនិទានបុរាណប្រចំាតំបន់នេះផងដែរ។
ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិនូវប្រពៃណីនៃការចែករំលែក ដោយបានខិតខំថែរក្សា និងបន្តកសាងសមិទ្ធផលដែលបុព្វបុរសជំនាន់មុនបានបន្សល់ទុកឱ្យជាកេរតំណែល និងប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម បណ្ឌិត បញ្ជាក់ថា “ សម្តេចតេជោ តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ហើយក៏សម្តេចក៏ជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធសេរីភាព និងឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើនក្នុងអតីតកាល”៕

