ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការការងារគាំពារបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរិស្ថាន នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម Kobayashi Shigeki អនុរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន និងគណៈប្រតិភូ។ នៅក្នុងជំនួបនោះដែរភាគីទាំងពីរបានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការការងារគាំពារបរិស្ថាន។ ភាគីជប៉ុនបានអបអរសាទរកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាប្លាស្ទិក ជាពិសេសសម្តេចតេជោដែលបានលើកបញ្ហាប្លាស្ទិកនេះឡើងក្នុងជំនួបជាមួយ សមាជិក club ឆ្នេរសមុទ្រស្អាតបំផុតនៅខេត្តព្រះសីហនុ។ ក្នុងនោះដែរ ជប៉ុនក៏បានអរគុណកម្ពុជាដែលគាំទ្របេក្ខភាពជប៉ុន នៅក្នុងលេខាធិការដ្ឋាន INC របស់ UNEP។
លើកឡើងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរដល់ជប៉ុនដែលតែងតែជួយកម្ពុជា លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់ ជាពិសេសសំណល់ប្លាស្ទិក និងការផ្តល់រថយន្តដឹកសំរាមដល់កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកពីគំនិតផ្តួចផ្តើម Satoyama របស់ជប៉ុន ជាការផ្សារភ្ជាប់ធម្មជាតិជាមួយមនុស្ស គំនិតផ្តួចផ្តើមនេះពិតជាមានសារ:ប្រយោជន៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកពីអនុសាសន៍របស់សម្តេចតេជោដែលបានលើកអំពីការផ្គត់ផ្គង់នៅនិងកន្លែង និងទេសចរណ៍ផ្សារភ្ជាប់ជាមួយទឹកដី ដែរស្រដៀងគ្នាជាមួយគម្រោង Satoyama។ កម្ពុជា និងជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូច្នេះ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការងារបរិស្ថាន ក៏ដូចជាក្នុងផ្នែកសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា ៕
