ក្រុមការងារចាក់វ៉ាក់សាំង កងពលតូចអន្តរាគមន៍លេខ៨ ឈរជើងក្នុងភូមិសាស្ត្រទិសទី១ប្រាសាទព្រះវិហារ បន្តចាក់វ៉ាក់សាំងដូសទី៦ ជូនយោធិន គ្រួសារយោធិន អតីតយុទ្ធជន នគរបាលការពារព្រំដែន
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ជូនកងទ័ព គ្រួសារទ័ព អតីតយុទ្ធជន នគរបាលការពារព្រំដែន និងប្រជាពលរដ្ឋ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្រោមអធិបតីភាពចូលរួម ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងឯកឧត្តម អស់លោក លោកស្រី និងប្រជាពលរដ្ឋ ជាច្រើនកុះករ ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញព្រមទាំងបន្តអនុវត្តន៍វិធានការការពារ “៣ការពារ និង៣កុំ” ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ។
លោកបានបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែជួយទប់ទល់ដល់ការផ្ទុះឡើងវិញនូវការរាតត្បាត នៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ ននិងការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ បានជាអតិបរិមាផងដែរ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានថ្លែងនូវអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងគិតគូពីសុខទុក្ខរបស់កងកម្លាំង ក៏ដូចប្រជាជនទូទៅ ដោយមិនគិតពីនិន្នាការនយោបាយ ក្នុងការជួយផ្តល់វ៉ាក់សាំងបានទាន់ពេលវេលា ជៀសផុតបានពីគ្រោះថ្នាក់ដល់អាយុជីវិត ស្របពេលដែលប្រទេសមួយចំនួនមានអត្រា ការស្លាប់បាត់បង់ជីវិតជាច្រើនដោយសារជំងឺកូវីដ-១៩ ។
យោងតាមចេញសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ មានចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយ ២នាក់ ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៦៩៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៣៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
