ឯកឧត្តម សក់ សេដ្ឋា៖ ការដាក់ឱ្យអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»គឺបានអនុវត្តរយៈពេលប្រមាណ ១០ឆ្នាំមកហើយ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»គឺបានអនុវត្តរយៈពេលប្រមាណ១០ឆ្នាំមកហើយ។
នៅក្នុងឳកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយសារសមាសភាពនៃក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ត្រូវបានផ្លាស់ប្តូរមួយចំនួន ទើបក្រសួងមហាផ្ទៃបានរៀបចំសមាសភាពថ្មីនៃក្រុមការងារទាំងពីរឡើងវិញ និងត្រូវប្រកាសដាក់ឱ្យអនុវត្តន៍នាពេលនេះ។
ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍បន្តថា ការដាក់ឱ្យអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»នេះផងដែរ គឺបានអនុវត្តមានរយៈពេលប្រមាណ១០ឆ្នាំមកហើយ ដោយមានចូលរួមការគាំទ្រ និងទទួលបានជោគជ័យជាច្រើន។
សូមជម្រាបជូនថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ផ្អែកលើលក្ខណៈសម្បត្តិសំខាន់ចំនួន៥ រួមមាន១-គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ ២-គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣-គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ៤-គ្មានក្មេងទំនើង និង៥-គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ៕
