លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្ដមទីប្រឹក្សា បក្សភ្លើងទៀន

ភ្នំពេញ៖ លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរយៈលិខិតថ្លែងអំណរគុណ នៅថ្ងៃទី៣១ មករា លោក គង់ គាំ ក៏បានទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានោះដែរលោក គង់ គាំ បានសង្កត់ធ្ងន់ថា «ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះ អ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្ដមទីប្រឹក្សា គណបក្សភ្លើងទៀន ចាប់ពេលនេះតទៅ» ៕

