បណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយឯកអគ្គរាជទូតកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយឯកអគ្គរាជទូតកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី និងត្រៀមចេញដំណើរទៅបំពេញភារកិច្ចតាមបណ្តាប្រទេសគោលដៅចំនួន ១០ រូប នៅភោជនីយដ្ឋាន Topaz រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍អបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរាជទូតទាំង ១០ រូប ដែលទទួលបាននូវការទុកចិត្តពីសំណាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោយត្រូវបានតែងតាំងជាតំណាងនៃប្រទេស និងប្រជាជនកម្ពុជា នៅតាមបណ្តាប្រទេសគោលដៅ ដើម្បីបំពេញបេសកកម្មនៃការបន្តរឹតចំណងការទូតប្រកបដោយមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធលើគ្រប់វិស័យរវាងកម្ពុជា និងបណ្តាប្រទេសគោលដៅ។
លើសពីនេះ ឯកឧត្តម បណ្ឌិត ក៏បានផ្តល់នូវ អនុសាសន៍មួយចំនួនផងដែរផងដែរ អំពីគោលនយោបាយការបរទេសរបស់កម្ពុជា ព្រមជាមួយនឹងការជូនពរឯកអគ្គរាជទូតថ្មីទាំង ១០ រូប និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
សូមជម្រាបផងដែរថា ឯកអគ្គរាជទូតថ្មីចំនួន ១០ រូប ដែលបានចូលជួបសំណេះសំណាល និងជម្រាបលាឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសនេះ រួមមាន៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា, ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតប្រចាំប្រទេសគូវ៉ែត, ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតប្រចាំនៅប្រទេសថៃឡង់ដ៍, ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី និងនូវែលហ្សេទ្បង់, ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសគុយបា, ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេសរុស្ស៊ី, ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស, ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតប្រចាំប្រទេសមីយ៉ាន់ម៉ា, ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំប្រទេសប្រ៊ុយណេ និង ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតប្រចាំនៅប្រទេសម៉ាឡេស៊ី ៕
