ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ Wild Earth Allies (WEA) ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងមន្ត្រីជំនាញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ Wild Earth Allies (WEA) ប្រចាំនៅកម្ពុជាដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិនាពេលកន្លងមកនិងការពង្រឹងកិច្ចសហការថ្មីៗបន្ថែមទៀតក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃជាពិសេសពិនិត្យលើលទ្ធភាពនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងជីវភាពសហគមន៍ និងការជំរុញលើការផ្តល់ជម្រើសថ្មីៗជូនប្រជាសហគមន៍តំបន់ការពារធម្មជាតិដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយភាពស្មោះត្រង់ និងផ្លែផ្ការវាងក្រសួងបរិស្ថាននិងអង្គការ WEA។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាដោយកត្តាសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការអភិរក្សធនធានធម្មជាតិ និងមានភាពកាន់តែល្អប្រសើរ ហើយបច្ចុប្បន្ន កម្ពុជាបានឈានចូលរបត់ថ្មីទទួលបានចំណូលពីកិច្ចការអភិរក្សធនធានធម្មជាតិតាមរយៈការលក់ឥណទានការបូននិងទេសចរណ៍ធម្មជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីរកចំណូល» ៕
