អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើល និងសំណេះសំណាលជាមួយពុកម៉ែបងប្អូន ក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើល និងសំណេះសំណាលជាមួយពុកម៉ែបងប្អូន ក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតាជូនប្រជាជន ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរ នៅអាមេរិច សរុបប្រមាណ២០០នាក់ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ក្នុងឱកាសអញ្ជើញពិនិត្យ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការអរគុណយ៉ាងជ្រាលជៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរ នៅអាមេរិច ដែលបានចុះមកជួយពិនិត្យព្យាបាលជំងឺជូនបងប្អូននាពេលនេះ។ វាពិតជាការចូលរួមចំណែកយ៉ាងសំខានក្នុងការលើកកម្ពស់សុខមាភាព សុខភាពប្រជាពលរដ្ឋក្នុងខេត្ត។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានផ្ញើសារអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពសូមមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ៕
