ភ្លើងឆេះព្រៃនៅជើងភ្នំ រាលចូលដល់វត្តថ្មរមៀល កម្លាំងនគរបាលប្រើពេលពន្លត់អស់ជាង ៤ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាប់ឆេះព្រៃភ្នំនៅក្បែរវត្តថ្មរមៀល ភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ដែលអាចបង្កការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងវត្តអារាម។
នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយទទួលបានពត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជាទៅលោកវរសេនីយ៍ទោ ដៀប ពេជ្រ មេបញ្ជាការស្តីទី វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទចំនួន៣៥នាក់ កម្លាំងនគរបាលស្រុក១០នាក់ រថយន្តទឹកពន្លត់អគ្គីភ័យ១គ្រឿង សហការជាមួយកម្លាំងយោធា អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ទីតាំងភ្លើងឆេះព្រៃនៅចង្កេះភ្នំក្បែរវត្តថ្មរមៀល ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងវត្ត។
ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ចំណាយពេលអស់រយះពេល៤ម៉ោងកន្លះទើបភ្លើងរលត់ទាំងស្រុងទៅវិញ នៅវេលាម៉ោង២១:៣០នាទីយប់។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងនៅផ្ទះ និងទៅធ្វើស្រែចំការ កាប់ព្រៃដាំដុះ មិនត្រូវដុតភ្លើងចោលទេ ត្រូវពន្លត់ភ្លើងឲ្យបានត្រឹមត្រូវមិនចាកចេញ ជៀសវាងបង្កជាគ្រោះអគ្គីភ័យជាយថាហេតុ៕
