សម្តេចតេជោ៖ សុខុមាលភាពពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១,២០០ នាក់ នាថ្ងៃទី១៩ មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយ របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុន កម្មករ កម្មការិនី ដែលបានរួមគ្នាប្រឹងប្រែង សាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០% ។
សម្តេចតេជោ មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ១៩ ទើបជំរុញឱ្យរាជរដ្ឋាភិបាល សាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»។
សម្តេចតេជោ ថ្លែងថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានសមត្ថភាពទទួលអ្នកជំងឺ បានរហូតដល់ជិត ១ម៉ឺននាក់។
សម្តេចតេជោ ក៏បានកោតសរសើរអ្នករចនាប្លង់ អគារមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ៕
