ឯកឧត្តម នេត្រ ភក្ត្រា៖ បើបងប្អូនប្រជានេសាទ ចាប់បានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់ នៅដងទន្លេមេគង្គនិងទន្លេសាប នៅចំណុចទន្លេចតុម្មុខ ។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ ក្បាល ត្រីគល់រឹង ត្រីប្រាធំសរុបចំនួន ៥០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។
ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ហាស់ សារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ប្រសិនបើបងប្អូនប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងវាចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូនពូនជាចៅ» ៕
