មេទ័ពជើងគោក៖ ឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកបន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ទិសដៅនៅឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកបន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។
ឧត្តមសេនីយ៍ឯកបានលើកឡើងបែបនេះ នៅក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា “ ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 នៅក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដា ខាងមុខ”៕
