ក្រឡប់រថយន្តដឹកកម្មករ កម្មការិនី បណ្ដាលឲ្យមនុស្ស ៦នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង៣០នាទី នៅត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ ៥១(២៦-២៧) បានកើតមានករណីក្រឡប់រថយន្ត ដឹកកម្មកររោងចក្រនិងបានធ្វើអោយរបួសមនុស្ស ធ្ងន់ ស្រាលចំនួន ៦នាក់ ក្នងចំណោមកម្មករ កម្មការិនី ៦៥ នាក់។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកស្រុកឧដុង្គ បានឲ្យដឹងថា ជនរងគ្រោះរួមមាន៖ ១.ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ ឆ្នាំ (របួសស្រាល)រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(រោងចក្រសា ប្រ៊ីណា ថ្នល់ទទឹង) ។ ២.ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង) ។ ៣.ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំ (របួសស្រាល) រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ៤.ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល)រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ សម្រាកនៅពេទ្យអន្ទង់ក្រវៀន) ។ ៥.ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រដុងរ៉ុង ) និងខូចខាតស្រាលរថយន្ត ០២ គ្រឿង ។
ប្រភពដដែលបានបន្តថា តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត ០១ គ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានគេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅកៀរ រថយន្តដឹកកម្មករ១ គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ ដឹកកម្មករកម្មការនីចំនួន ៦៥ ស្រី ៦០ នាក់ បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ (បានគេចខ្លួនបាត់) រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យ រថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងាជើង បណ្តាលឱ្យគ្រោះថ្នាក់កម្មករចំនួន ០៥ នាក់ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុក និងជំនាញចរាចរណ៍ កំពុងអន្ដរាគមន៍ជួយសម្រួល និងបញ្ជូនកម្មករ កម្មការិនីទៅមន្ទីរពេទ្យ ចំណែកឯវត្ថុតាងរថយន្តខាងលើបានយកមករក្សាទុកប៉ុស្តិ៍ភ្នំតូច៕
