ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ជាច្រើនរូប។
លោកឧកញ្ញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុន គីមម៉ិចខនស្រ្តាក់ស៊ិន និងអ៊ិនវេសមេន ដែលជាក្រុមហ៊ុនម៉ៅការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី បានធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពគោរពជូនសម្តេចក្រឡាហោម និងអង្គពិធីជ្រាបថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដែលកំពុងសាងសង់នេះ មានកម្ពស់៩ជាន់ និងមានផ្ទៃក្រឡាសរុប ១០៥,៥៤៥ (មួយរយប្រាំពាន់ប្រាំរយសែសិបប្រាំ) ម៉ែត្រការ៉េ ដែលចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងគ្រោងបញ្ចប់នៅខែកក្តដា ឆ្នាំ២០២៣ ខាងមុខដែលមានរយៈពេល២០ខែ។
លោកអគ្គនាយកក្រុមហ៊ុន បន្តថា គិតមកដល់ថ្ងៃនេះក្រុមហ៊ុនសាងសង់សម្រេចបាន ៦៥%ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុន បានបន្ថែមថា ការសាងសងអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ គឺក្រុមហ៊ុនបានអនុវត្តស្តង់ដារសុវត្ថិភាពសាងសង់ ដោយមានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ និងតាមដានរាល់សកម្មភាពការងាររបស់បុគ្គលិក កម្មករ ចាប់តាំងពីការសាងសង់ដំបូងរហូតមកដល់ពេលនេះ ពុំមានបុគ្គលិក ឬកម្មករណាម្នាក់ជួបគ្រោះថ្នាក់អ្វីនោះទេ។
ក្នុងនោះ លោក បានបញ្ជាក់ជូនសម្តេចក្រឡាហោម ដែរថា បុគ្គលិក និងកម្មករ ដែលជាកម្លាំងសរុបរបស់ក្រុមហ៊ុនប្រើប្រាស់ក្នុងការសាងសង់នេះមានចំនួនប្រមាណ ២,០០០នាក់។
ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុន បានធ្វើការប្តេជ្ញាចិត្ត ធ្វើឱ្យបាននូវគុណភាពជាចំបងចំនួន៣ចំណុច ដែលជាអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ដែលបានណែនាំនាពេលកន្លងមក រួមមាន៖ ទី១.គុណភាព, ទី២.សុវត្ថិភាព និងទី៣.ពេលវេលា ដែលសម្រាប់ធ្វើជាសមិទ្ធិផល និងស្នាដៃជាប្រវត្តិសាស្ត្ររបស់សម្តេចក្រឡាហោម ជូនប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ៕
