អ្នកស្លាប់សរុប២៦នាក់ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូនៅក្រុងប៉ោយប៉ែត ខណៈប្រតិបត្តិការរុករកត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់និងរងរបួសធ្ងន់ ស្រាល ជិត១០០នាក់ ដែលរងគ្រោះដោយ ឧប្បត្តិហេតុគ្រោះអគ្គីភ័យ ដែលកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ បើ គឹតមកត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ អគ្គីភ័យត្រូវបានរលត់ទាំងស្រុង ក្នុងនោះជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ ក្រុមការងាររុករករបស់កម្ពុជានិងថៃ បានរកឃើញសពចំនួន២៦នាក់ ក្នុងនោះមានជនបរទេសស្លាប់១៣នាក់ ស្រី០៧នាក់ (សាកសព១១នាក់ទៀត កំណត់អត្តសញ្ញាណពុំទាន់បាន ក្រុមការងារកំពុងធ្វើកោសល្យវិច្ច័យ) រងរបួសធ្ងន់២៣នាក់និងរបួសស្រាល៥០នាក់ សាកសពបានតម្កល់ទុកនៅវត្តត្រាច ក្រុងប៉ោយប៉ែត។
គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ៕
