ឯកឧត្ដម នេត្រ ភក្ត្រា៖ កម្ពុជា មានបក្សីរនាលពណ៌ជាង ២៥០០គូ ស្មើ ២០% នៃចំនួនរនាលពណ៌សរុប នៅតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាបច្ចុប្បន្នមានបក្សីរនាលពណ៌ ចំនួនសរុបប្រមាណជាង ២៥០០គូ ស្មើ ២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ ១២% នៃចំនួនសរុបលើពិភពលោក។ តំបន់បឹងទន្លេសាបជាទីតាំងសំបុកពងកូនដ៏ធំរបស់សត្វរនាលពណ៌ ហើយបងប្អូនអាចទស្សនាសត្វរនាលពណ៌ និងប្រភេទសត្វស្លាបជាច្រើនប្រភេទ ទៀតបាននៅតំបន់រ៉ាមសារព្រែកទាល់ដែលជាតំបន់បន្ទាយពងកូនរបស់សត្វស្លាបជាច្រើនប្រភេទនៅកម្ពុជា។
បក្សីរនាលពណ៌ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បានអនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដានពីបម្រែបម្រួលចំនួនរបស់ប្រភេទនេះផងដែរ។
រនាលពណ៌ មានឈ្មោះជាភាសាអង់គ្លេស Painted Stork និងឈ្មោះវិទ្យាសាស្រ្ត Mycteria leucocephala ។ រនាលពណ៌ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌា បងក្លាដេស ស្រីលង្កា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជាយើង ។ វាមានប្រវែងខ្លួន ៩៣-១០២ស.ម ខ្លួនពណ៌ស ស្លាបទី១ និងទី២ ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច ។
ពេលបន្តពូជ៖ ស្បែកក្បាលឡើងក្រហម ចំពុះពណ៌លឿង ។
ទីជម្រក៖ ភាគច្រើននៅតាមតំបន់ដីសើម ដូចជា តំបន់ព្រៃលិចទឹក ទំនាបលិចទឹក តំបន់វាលភក់ និងតំបន់ឆ្នេរជាដើម ហើយមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជា គឺនៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ហើយក៏ជាបន្ទាយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ។
ជីវសាស្ត្រ៖ វាចូលចិត្តបន្តពូជ រស់នៅ និងរកចំណីជាហ្វូងៗរួមគ្នា ។
របាយ៖ មានវត្តមានពេញមួយឆ្នាំ ។
រដូវបន្តពូជ៖ ចាប់ពីខែវិច្ជិកា ដល់ខែឧសភា ពងចំនួនពី ២-៥។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះផ្លាស់ទីទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងប្រទេសជិតខាង ដើម្បីរកចំណី ។
កត្តាគំរាមកំហែងសំខាន់ៗ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស ៕
