ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ឱកាសនៃជួបជុំ ក្នុងធ្លុងសាមគ្គីភាពនៃ មហាគ្រួសារខ្មែរនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាព ពាសពេញផ្ទៃប្រទេស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាព នៃមហាគ្រួសារខ្មែរប្រកបដោយភាព សប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាព ពាសពេញផ្ទៃប្រទេស នៅក្រោយថ្ងៃរំដោះ ៧ មករា ។
ក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នាថ្ងៃទី២៥ ខែធ្នូ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃ មហាគ្រួសារខ្មែរប្រកបដោយភាព សប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញ ផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈការអនុវត្តប្រកបដោយ ជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មាន ការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។
ក្នុងឱកាសនោះដែរឯកឧត្តបណ្ឌិត បានស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកំសាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់ និងនឹករឭកចំពោះមាតុភូមិជាទីស្នេហានៃយើង។
ឯកឧត្ដមបន្ថែមថា ក្តីនឹករឭក និងការស្វះស្វែងជួបជុំគ្នានេះ ក៏ដូចជាការជួយដល់និស្សិតខ្មែរយើង ដែលទទួលបានឱកាសទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់អំពី កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។
ឯកឧត្ដមគូសបញ្ជាក់ថា កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែង សម្រាប់ខ្មែរយើងទាំងអស់គ្នា ជាច្រើនជំនាន់តរៀងទៅ ៕

