ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុម ការងារយុវជនគណបក្សស្រុកទ្រាំង

តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា ប្រធានក្រុមការងារយុវជនគណ បក្សប្រជាជនកម្ពុជាខេត្ត តាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមការងារយុវជនគណបក្សស្រុកទាំង ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត ព្រមទាំងមានការចូលរួមដោយ លោក ឈួន ផាន់នី ប្រធានក្រុមការងារយុវជនគណបក្សស្រុកទ្រាំង និង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សស្រុក ឃុំ ភូមិ ផងដែរ។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមការងារគណ បក្សស្រុកនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានក្រុម ការងារយុវជនគណបក្សខេត្ត បានថ្លែងការកោតសរសើរ ដល់ក្រុមការងារយុវជនគណបក្សស្រុកទ្រាំង ទាំងអស់ ដែលកន្លង មកបានខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស ចូលរួមសកម្មភាព ការងារសង្គម ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែក ទទួលយក និងកោតសរសើរ ។
ជាមួយគ្នានេះដែរ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម អ៊ូច ភា បានណែនាំដល់យុវជន យុវនារី របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិ ភាពឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារប្រទេសកម្ពុជា កុំធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម សារជាថ្មីម្តងទៀត ដូចបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ាជាដើម។ គុណតម្លៃសន្តិភាព គឺខ្ពង់ខ្ពស់ណាស់ ហើយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពដល់យើងទាំងអស់គ្នា ដោយលំបាកលំបិនណាស់ ដូច្នេះយុវជន យុវនារី គណបក្ស ដែលកម្លាំងបន្តវេន ត្រូវមានកាតព្វកិច្ចថែរក្សាការពារសន្តិភាព ក៏ដូចជាសមិទ្ធផលនានាដែលគណបក្សសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ យុវជនគណបក្សក៏ត្រូវមានភារកិច្ចចូល រួមកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបម្រើ ប្រជាជន តាមរយៈគ្រប់សកម្មភាពសង្គមផ្សេងៗ។
ឯកឧត្តម អ៊ូច ភា ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការវិនិយោគដើម្បីខ្លួនឯង តាម រយៈការចេះស្វែងរកឱកាស និងចេះចាប់ឱកាស ដើម្បីអភិវឌ្ឍសមត្ថភាព ជំនាញ ចំណេះដឹង ចំណេះធ្វើ រៀងៗខ្លួន ដើម្បីខ្លួនឯងផង ដើម្បីសង្គម និងប្រទេសជាតិយើងផងដែរ ៕
