ករណីឃាតកម្មចាក់សម្លាប់ប្រពន្ធ ដោយសារភ្លើងប្រចណ្ឌនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យបានហើយ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៦៖៤០នាទី នៅចំណុចក្នុងព្រៃកែងរួតចំប៉ី ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីឃាតកម្ម ១ករណី បង្កឡើងដោយជនសង្ស័យឈ្មោះ ជា និរន្តរ៍ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកូនកាំបិតចង់ស្រួច ចាក់ទៅលើក្បាលពោះ បំពង់ករ និងអារ-ក លើជនរងគ្រោះឈ្មោះ ដុំ ស៊ីណេត ហៅ ទូង ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ៖ កម្មករអនាម័យ នៃក្រុមហ៊ុនអូរស្មាច់រីសត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូត្រឡប់ទៅដេកសម្រាកនៅផ្ទះវិញ ។
ដោយមានណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយលោក វរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ បានចុះទៅដល់កន្លែងកេីតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាំង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕
