ការប្រើប្រាស់ និងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងសិទ្ធិរស់នៅដោយគ្មានអំពើហិង្សា

ភ្នំពេញ៖ តំណាងក្រសួងកចិ្ចការនារី អង្គការជាតិនិងអន្តរជាតិ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សា។
ការទទួលស្គាល់នេះ ធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំដោយអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅរាជធានីភ្នំពេញ។
ភាពញឹកញាប់នៃអំពើហិង្សាក្នុងគ្រួសារកើនឡើងស្របគ្នានិងភាពញឹកញាប់នៃការប្រើប្រាស់គ្រឿងស្រវឹងនៃប្ដីប្រពន្ធ ឬដៃគួស្និទ្ធស្នាល១។ ស្រ្តីមួយចំនួនបានក្លាយជាជនពិការ មេម៉ាយវ័យក្មេងបាត់បងកូនៗនិងមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយគ្រឿងស្រវឹងផងដែរ។ លើសពីនេះ ស្រ្តីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ដែលគម្រាមកំហែងដល់ការរស់នៅ ការចិញ្ចឹមបីបាច់កូនៗក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ។ នេះបើតាមការជជែកពិភាក្សារបស់សមាជិកអង្គសិក្ខាសាលា។
នៅចំពោះមុខបញ្ហានេះ សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ ដូចតទៅ៖
១.បង្កើនការអប់រំ
និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងសហមគមន៍តាមមធ្យាបាយផ្សេងៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។
២.ជំរុញឱ្យមានការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីសង្គមស៊ីវិល។
៣.កំហិតឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ជាពិសេសការផ្សាយពាណិជ្ជកម្មដែលទាក់ទាញនិងជំរុញចិត្តឱ្យស្រ្តីចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង
និងប្រើប្រាស់កាន់តែច្រើន។
៤.កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង។
៥.កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតិនៅទីកន្លែងដែលមិនទាក់ទាញ អោយមានការចាប់អារម្មណ៍របស់ស្រ្តីវ័យក្មេង និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់ស្រ្តី។
៦.ដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង និងកាត់បន្ថយហានីភ័យលើស្រ្តីវ័យក្មេង
ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។
៧.ក្រសួង ស្ថាប័នទទួលបន្ទុកគួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាពដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង។ សូមបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅ សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងអង្គការជាតិ អន្តរជាតិ បណ្តាញយុវជន និងកុមារ ក៏បានទទួលស្គាល់ដែរថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកុមារ រួមទាំងការប៉ះពាល់លើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍ សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ……។ល។
សូមជម្រាបផងដែរថា គ្រឿងស្រវឹងជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញអោយមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រផងដែរ ៕

