ឯកឧត្តម សាបូ អូហ្សាណូ បើកសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ពីគ្រឿងញៀន អេដស៍ និងគ្រោះមហន្តរាយ ជូនមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងឲ្យ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងបរិស្ថាន បានចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគ្រឿងញៀន អេដស៍ និងគ្រោះមហន្តរាយ ជូនដល់ មន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ប្រមាណ៥០នាក់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកឡើង ពីការយកចិត្តទុកដាក់របស់ក្រសូងបរិស្ថាន ពីសុខមាលភាពមន្ត្រីរាជការ ឧទ្យានុរក្ស និងប្រជាសហគមន៍ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ អ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី យកចិត្តទុកដាក់ ស្វែងយល់ពីបញ្ហាមេរោគអេដស៍និងជំងឺអេដស៍ និងគ្រឿងញៀន និងបន្តជួយធ្វើការអប់រំ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ ជាពិសេសចូលរួមក្នុងការបញ្ចប់អេដស៍នៅឆ្នាំ ២០២៥។
សហគមន៍មួយដែលមានសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរណ៍ គឺជាហគមន៍ដែលមិនមានអ្នកឆ្លងមេរោគអេដស៍ និងគ្មានគ្រឿងញៀន។
ជាមួយគ្នានេះដែរ ការចូលរួមទប់ស្កាត់នឹងកូវីត-១៩ ក៍ត្រូវតែយកចិត្តទុកដាក់ ប្រកាន់ខ្ជាប់ការរស់នៅប្រក្រតីធម្មតា ដោយរក្សាបាននូវអនាម័យខ្ពស់ លាងដៃជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ជាពិសេសនៅក្នុងការឈប់សំរាក អរគុណសន្តិភាព។
