ឯកឧត្ដម ហ៊ុន ម៉ាណែត៖ បុគ្គលគ្រប់រូប ដែលចង់ទទួលជោគជ័យគ្រប់កិច្ចការ គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តរៀនសូត្រគ្រប់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា បុគ្គលគ្រប់រូបដែលចង់ទទួលបាន ជោគជ័យក្នុងគ្រប់កិច្ចការ គួរគប្បីប្រកាន់នូវខ្ជាប់ នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការ រៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែធ្នូ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យនៅក្នុងការសិក្សា និងនៅក្នុងជីវិតការងារ ក៏ដូចជាជីវភាពប្រចាំថ្ងៃ គឺមានភាពស្រដៀងគ្នាជាខ្លាំង ដោយក្នុងនេះ គឺទាមទារនូវភាពអំណត់តស៊ូព្យាយាម, ការហាត់ពត់លត់ដំ និងចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមជាមួយការបោះជំហានដោយនិរន្តរភាព។
ឯកឧត្ដមបណ្ឌិតបញ្ជាក់ថា «ក្នុងន័យនេះ បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការគ្រប់កិច្ច, គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសំលឹង និងព្យាយាមចាប់យកឱ្យបាននូវលទ្ធផលវិជ្ជមានជាប់ជានិច្ច» ៕
