អាជ្ញាធរជាតិអប្សរា បិទបញ្ចប់កម្មវិធីចែកអំណោយសប្បុរសធម៌ ជាជំនួយរបស់មូលនិធិចិន CFCHC ជូនសិស្សានុសិស្ស ក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបន្តចុះចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាបាគង ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាបសម្រាប់កម្មវិធីពេលព្រឹក និងនៅសាលាបឋមសិក្សាតាឯក ស្ថិតក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបសម្រាប់កម្មវិធីពេលរសៀល ក្នុងនោះសាលាបឋមសិក្សាបាគងមានសិស្សចំនួន ៥៧៦នាក់ និងសាលាបឋមសិក្សាតាឯកមានសិស្សចំនួន ២៤០ នាក់ សរុបចំនួន ៨១៦ នាក់។
កម្មវិធីចែកអំណោយសប្បុរសធម៌នេះ មានការចូលរួមផងដែរ ពីសំណាក់លោក នឹម សុវណ្ណ អភិបាលរងស្រុកប្រាសាទបាគង លោកមេឃុំបាគង លោកមេឃុំរុនតាឯក លោកនាយកសាលាបឋមសិក្សាបាគង លោកនាយកសាលាបឋមសិក្សាតាឯក លោកមេភូមិថ្នល់ត្រង់ លោកមេភូមិតាឯក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀត។
ដោយឡែក នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី Mengxi Yuan តំណាងម្ចាស់ជំនួយនៃមូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ក៏បានមានវត្តមានចូលរួមផងដែរ ក្នុងកម្មវិធីបិទបញ្ចប់ការចែកអំណោយសប្បុរសធម៌របស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ជូនសិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានរៀបចំដោយអាជ្ញាធរជាតិអប្សរា ។
សូមបញ្ជាក់ជូនថា អាជ្ញាធរជាតិអប្សរាបានរៀបចំផែនការចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចែកអំណោយសប្បុរសធម៌ដែលទទួលបានពីមូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ចំនួន២០០០ឃីត នៅសាលាបឋមសិក្សាចំនួន០៦ ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន សាលាបឋមសិក្សាល្បើកចំនួន ២៩៨ឃីត សាលាបឋមសិក្សាខ្នាតចំនួន៣៥៩ឃីត សាលាបឋមសិក្សាលាងដៃចំនួន ៣៧៥ឃីត សាលាបឋមសិក្សាគោកគ្រើលចំនួន ១៥២ឃីត សាលាបឋមសិក្សាបាគងចំនួន ៥៧៦ឃីត និងសាលាបឋមសិក្សាតាឯកចំនួន ២៤០ឃីត ៕
