សម្តេចតេជោ ហ៊ុន សែន ទម្លាក់ថវិកាជាតិ ៣០លានដុល្លារក្នុងផែនការដោះមីន និងអំពាវនាវសប្បុរសជនជួយទ្រទ្រង់ សកម្មភាពបោសសំអាតមីន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបនឹងសម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។
បើយោងតាមទំព័រហ្វេសប៊ុកនាព្រលប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់ហើយនៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី
រៀបចំថវិកាប្រចាំឆ្នាំ។។
