ឯកឧត្ដមខូយ រីដា បានជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលខេត្ត .ដើម្បីបង្កើនសាមគ្គីភាព និងឯកភាពផ្ទៃក្នុង

ភ្នំពេញ៖ បន្ទាប់ពីប្រកាសចូលកាន់មុខតំណែងពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯក ឧត្ដមខូយ រីដា អភិបាលថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ចាប់ផ្តើមកិច្ចការងារដំបូងរបស់រដ្ឋបាលខេត្តគឺជួបជុំ និងសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ដើម្បីពង្រឹងរបបរដ្ឋបាលការងារ បង្កើនសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងបន្តនិរន្តរភាព ឱ្យកាត់តែល្អប្រសើរ សម្រាប់អាណត្តិដឹកនាំ នាទឹកដីស្រុកកំណើតរបស់ឯកឧត្ដម។
ពិធីសំណេះសំណាលខាងលើនេះ ត្រូវបានធ្វើឡើងនាសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត. នាយក នាយករងរដ្ឋបាលខេត្ត. នាយក នាយករងទីចាត់ការ. ប្រធាន អនុប្រធានអង្គភាព.ផ្នែកទាំង២ និងមន្ត្រីរាជការ ចំណុះឱ្យរដ្ឋបាលខេត្ត។
ពិធីនេះលោក ណារ៉ា ចំរើន នាយករដ្ឋបាលខេត្ត បានធ្វើរបាយការណ៍និងជម្រាបជូនអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាននោះរួចមក. ឯកឧត្តម ខូយ រីដា អភិបាលខេត្តថ្មី នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានជម្រាបជូនពីកិច្ចការងារដំបូង និងបញ្ហាប្រឈមចំពោះមុខមុនគេ ដែលយើងទាំងអស់គ្នា រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីឱ្យខេត្តរបស់យើងមាននិរន្តរភាព និងមានការអភិវឌ្ឍទៅមុខ រួមមានទាំង១២ចំណុច៖
១/-ចងចាំថា មន្ត្រីជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះឡើយ ក្នុងនាមជាអ្នកបម្រើរាស្ត្រ យើងត្រូវបម្រើឱ្យគ្រប់ជ្រុងជ្រោយ រាល់សកម្មភាពអយុត្តិធម៌ក្នុងមូលដ្ឋាន ត្រូវរាយការណ៍ជាបន្ទាប់មកឯកឧត្តមអភិបាលខេត្ត ហើយពូកយើង ក៏ត្រូវរួមគ្នាដោះស្រាយ។
២/ជុំវិញការតែងតាំង ឬផ្តល់តួនាទីភារកិច្ចតាមប្រអប់ ត្រូវជ្រើសរើសមន្ត្រីណាដែលមានសមត្ថភាព ជាមួយនឹងការប្រជុំ និងវាយតម្លៃ ពីគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត។
៣/មានសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ឱ្យបានល្អប្រសើរ ព្រមទាំងខិតខំពង្រឹង និងសមត្ថភាពបន្ថែម។
៤/ត្រូវការជំរុញអភិវឌ្ឍលើគ្រប់វិស័យ និងរៀបចំសណ្តាប់ធ្នាប់ សោភណ្ឌភាពទីក្រុង ក៏ដូចជាទីប្រជុំជន ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងទុកដាក់សម្រាម ការតម្លើងភ្លើងបំភ្លឺផ្លូវ ការដាក់តាំងរូបភាព និងសកម្មភាពថ្នាក់ដឹកនាំប្រទេស ការរៀបចំលាបថ្នាំព័ណ៌ តុបតែងលម្អកោះសំពៅមាស និងតាមទីសាធារណៈ ឱ្យបានមុនឱកាសឆ្លងឆ្នាំសកល។
៥/ត្រូវលុបបំបាត់រឿងអនាធិបតេយ្យ គ្មានរបៀបរៀបរបប តាមទីសាធារណៈ និងតាមផ្ទះ ឬតូបលក់ដូរ ជាមួយនឹងការកែទម្លាប់មិនល្អ ឱ្យល្អប្រសើរឡើងវិញ ដោយរដ្ឋបាលក្រុង ឬស្រុក ជាអ្នកអនុវត្តន៍កិច្ចការងារនេះផ្ទាល់រីឯរដ្ឋបាលខេត្តពោធិ៍សាត់ ជាអ្នកត្រួតពិនិត្យមើលពីក្រោយ។
៦/នៅគ្រប់ទីកន្លែងសាធារណៈ ដែលជាកន្លែងទាក់ទាញ និងមានសោភណ្ឌភាព ត្រូវរៀបចំតម្លើងគ្រឿងសម្ភារៈហាត់ប្រាណ ប្រមាណ៥០គ្រឿង ជាជំហានដំបូង ដោយចាប់ផ្តើមពីកោះសំពៅមាសមុនគេ។
៧/យើងទាំងអស់គ្នាត្រូវខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយទុករាស្ត្រជាធំ និងត្រូវចូលរួមដោះស្រាយ រាល់បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឱ្យបានល្អបំផុត។
៨/ត្រូវពិនិត្យតាមដាននីតិវិធី និងបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគចូលមកវិនិយោគ នៅលើទឹកដីនៃខេត្តពោធិ៍សាត់ ឱ្យបានច្រើន។
៩/ចំពោះបញ្ហាផ្ទៃក្នុង ក្នុងអង្គភាពទាំងអស់ត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ និងត្រូវរក្សាជាការសម្ងាត់ មិនត្រូវយក ទៅបង្ហោះ ឬផ្សព្វផ្សាយជាសាធារណៈនោះឡើយ ហើយប្រសិនជាមាន បុគ្គលនោះត្រូវអនុវត្តន៍វិធានការរដ្ឋបាល ឬអាចឈានដល់វិធានការច្បាប់ដាច់ខាតក៏ថាបាន។
១០/ចំពោះមន្ត្រីកិច្ចសន្យា ត្រូវចាំថា គឺជាមន្ត្រីដែលបំពេញបន្ថែម គ្រប់តម្រូវការរបស់រដ្ឋបាលខេត្ត ដូច្នេះត្រូវកាត់បន្ថយភាពខ្វះខាតនិងខិតខំក្នុងការបម្រើឲ្យផលប្រយោជន៍រដ្ឋបាលខេត្តរបស់យើង។
១១/ចំពោះមន្ត្រីនិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការ លោកធ្លាប់បម្រើការងារក្នុងរដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវពិនិត្យ និងស្រាវជ្រាវមន្ត្រីទាំងនោះ ធ្វើការឆ្លើយតប និងដោះស្រាយរាលទុក្ខលំបាករបស់ពួកគាត់ឱ្យបានឆាប់រហ័ស ។
១២/ត្រូវកែប្រែឥរិយាបទមន្ត្រីរាជការ ពីភាពអសកម្ម ឲ្យក្លាយជាមន្ត្រីសកម្ម ដែលមានក្រមសីលធម៌វិជ្ជាជីវៈល្អ ។។ប្រភព:រដ្ឋបាលខេត្ត
