ឧត្តមសេនីយ៍ឯក ពៅ សុខា ជួបសំណេះសំណាលជាមួយ យោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២២ ត្រូវផ្ទេរចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ បញ្ជាការដ្ឋានកាំភ្លើងធំបានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ និងពិការ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការកាំភ្លើងធំ កងទ័ពជើងគោក ភូមិសាស្រ្ត ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា បានមានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម មេបញ្ជាការ បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទ ក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។
សូមបញ្ជាក់ថា ក្រៅពីការបំពាក់ឋានន្តរស័កិ្ត និងគ្រឿងឥស្សរិយយស ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភជូនដល់យោធិនចូលសោធននិវត្តន៍ នូវថវិកា ២០ម៉ឺន ក្នុងម្នាក់ៗនិងថវិកា២០ម៉ឺនទៀតរបស់ឯកឧត្តមមេបញ្ជាការ ហើយថែមទាំងគ្រឿងឧបភោគ បរិភោគផងដែរ ហើយយេនឌ័រនារីកងទ័ពជើងគោកបានឧបត្ថម្ភថវិកា២០ម៉ឺនក្នុងម្នាក់ៗ និងសឹងអ៊ីតាលីជូនយោធននារី៕

