ក្រសួងរ៉ែ និងក្រុមហ៊ុនហួវៃថេកណូឡូជី ចុះ MoU ស្តីពី “កិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា”

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី១៧ វិច្ឆិកា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា” រវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុន ហួវៃថេកណូឡូជី (ខេមបូឌា)។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់ គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការសំខាន់ចំនួន ៧ រួមមាន៖
១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី
២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល(Battery Energy Storage System) និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី
៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់
៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់
៥. សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ
៦. សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង
៧. សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដែគូ។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថាបញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមជាកញ្ចប់ សម្រាប់មនុស្សជាតិនៅក្នុងសម័យកាលថ្មីនេះ។ បរិយាការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងការប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល ដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយ ដែលនៅតែមានភាពគ្រប់គ្រាន់ មានគុណភាព អាចជឿទុកចិត្តបាន និងមានថ្លៃសមរម្យ ៕
