បណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ធ្វើឱ្យថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗលើសាកលលោក និងប្រទេសដៃគូក្នុងតំបន់ មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ហើយបានញ៉ាំងឲ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កត្តាសុខសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍឆាប់រហ័សរបស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ បានធ្វើឱ្យថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអំណាចធំៗលើសាកលលោក និងប្រទេសដៃគូក្នុងតំបន់ បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ហើយបានញ៉ាំងឱ្យកិច្ចប្រជុំទាំងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ រោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ទាំងនេះបាននាំមកនូវមោទនភាពដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ជាការផ្សព្វផ្សាយទៅកាន់សាកលលោកអំពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សចេញពីប្រទេសធ្លាប់ទទួលរងការផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាម ៕