សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិក ចូ បៃដិន ជួបសម្តែងគួរសម និងពិភាក្សាការងារទ្វេភាគី

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី។
ឯកឧត្ដម ចូ បៃដិន បានអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃសៅរ៍នេះ។ វត្តមានរបស់ឯកឧត្ដមនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន.អាមេរិក និង កំពូលអាស៊ាន.អាស៊ីបូព៌ា។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ ប្រ ទេសប្រ៊ុយណេ ដា រូ សាឡឹម, ឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី. ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី. ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ. ឯកឧត្ដម ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម. ឯក ឧត្ដមផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ. ឯក ឧត្ដមហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងឯកឧត្ដម Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៉ី។ ដោយឡែក ប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមទេ។ លោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំហើយ។ តាមគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។
សហរដ្ឋអាមេរិក និងអាស៊ាន ទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មនិងពាណិជ្ជកម្មដ៏ទូលំទូលាយ។ អាស៊ានតំណាងឱ្យទីផ្សារធំជាងគេទី៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិក គឺជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈដែលពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ប្រតិបត្តិការក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ អ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍។។
