ឯកឧត្តម វេង សាខុន អញ្ជេីញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលសុខភាពត្រពាំងព្រីង ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកតំបែរខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៩ តុលា បានបន្តដំណើរទៅពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពត្រពាំងព្រីងដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ ស្ថិតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ដែលជាអំណោយសប្បុរសពីប្រជាជនខ្មែរយើងដែលកំពុងរស់នៅប្រទេសអាឡឺម៉ង់ តាមរយៈអង្គការភូមិសន្តិភាពអន្តរជាតិ។
មណ្ឌលសុខភាពត្រពាំងព្រីងមានផ្ទៃដី ៥ ៤៦៩ម៉ែត្រការ៉េ មានអគារ ២ខ្នង គឺអគារមួយខ្នងបណ្តោយ ១៤ម៉ែត្រ និងទទឹង ៨,៨ម៉ែត្រសម្រាប់ទទួលពិនិត្យជំងឺទូទៅ ផ្តល់ថ្នាំបង្ការ ពិនិត្យផ្ទៃពោះ ឃ្លាំងឱសថ និងអគារមួយទៀតទំហំបណ្តោយ ៨ម៉ែត្រ និងទទឹង ៥,៤ម៉ែត្រសម្រាប់ស្ត្រីរង់ចាំសម្រាល ហើយចំពោះទឹកប្រាក់សរុបសម្រាប់ការសាងសងនេះគឺអស់ប្រមាណ ៧៨ ០០០ ដុល្លារអាមេរិក។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រូពេទ្យសម្រាប់ដោះស្រាយ និងទិញសម្ភារបរិក្ខារពេទ្យនានាដែលខ្វះខាត ហើយនឹងជូនកុំព្យូទ័រចំនួន ៣គ្រឿង និងម៉ាស៊ីនព្រីនចំនួន ១គ្រឿងតាមរយៈឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំត្រពាំងព្រីង។
ឯកឧត្តមប្រធានស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យ ព្យាបាល និងថែទាំបងប្អូនប្រជាជនយើងនាពេលខាមុខ ៕
