សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ មន្ត្រីរាជការនិងកងកម្លាំងក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបងចំនួនជាង២ពាន់នាក់។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបាត់ដំបងដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត បំពេញកិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ហើយក្នុងនោះ មិនអាចមើលរំលងបានពីមន្ត្រីមូលដ្ឋានប្រឹងប្រែងសហការលើការងារនេះ។ ពេលនេះ កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេក្នុងការទប់ស្អាត់ជំងឺឆ្លងកូវីដ-១៩។ ទាំងអស់នេះដោយសារមានការចូលរួមរបស់ពលរដ្ឋកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍ប្រាប់ទៅដល់មន្ត្រីរាជការទាំងអស់ពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗចូលរួម ហើយនេះក៏ដោយសារភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតក្នុងខែវិច្ឆិកាខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។
ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏សុំអោយអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។
សូមបញ្ជាក់ថា ការជួបសំណេះសំណាលក្នុងខេត្តបាត់ដំបងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តសៀមរាប និងបន្ទាយមានជ័យ នឹងបន្តជួបជាមួយមន្ត្រីនៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងបន្តទៀតក្នុងដំណើរបេសកកម្មដោះស្រាយបញ្ហា និងចែកស្រូវពូជជូនពលរដ្ឋនៅខេត្តជុំវិញបឹងទន្លេសាប ផងដែរ៕

