តំណាង ប.ស.ស កម្ពុជា ចូលរួមកិច្ចប្រជុំភាពជាអ្នកដឹកនាំ សម្រាប់កម្មវិធីការគ្របដណ្តប់ សុខភាពជាសកល នៅទីក្រុងបាងកក

ថៃ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាសមាជិកគណៈកម្មការរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ភាពជាអ្នកដឹកនាំសម្រាប់កម្មវិធីការគ្របដណ្តប់សុខភាពជាសកល (L4UHC) ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំខាងលើនេះរៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់អ្នកដឹកនាំ និងអ្នកបង្កើតគោលនយោបាយក្នុងការជំរុញ និងពន្លឿនកំណែទម្រង់ការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយគាំទ្រជាលក្ខណៈបុគ្គល និងជាក្រុមប្រទេសនូវការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការកសាងជារួម និងការផ្តួចផ្តើមគំនិត និងសកម្មភាពរួមដែលផ្តោតលើលទ្ធផល និងបទពិសោធន៌ដែលមានតាមបណ្តាប្រទេសនីមួយៗដើម្បីចែករំលែកគ្នា ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីអោយប្រទេសនីមួយៗអាចពង្រីកវិសាលភាពរបស់ខ្លួនឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។
សូមបញ្ជាក់ថា៖ កម្មវិធីនេះត្រូវបានអនុវត្តដោយប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ អង្គការអន្តរជាតិខាងការងារ (ILO) ប្រទេសស្វីស សហរដ្ឋអាមេរិក ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក និងសហការរៀបចំឡើងដោយអង្គភាព P4H។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន៣គឺប្រទេសនេប៉ាល់ ប្រទេសប៉ាគីស្ថាន និងប្រទេសកម្ពុជា ដែលជាសមាជិកនៃកម្មវិធីការគ្របដណ្តប់សុខភាពជាសកល (L4UHC)៕

