សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ការអនុគ្រោះដល់ពលរដ្ឋ រងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ។
ក្នុងឱកាសអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ទាក់ទងទៅនឹងសកម្មភាព សម្ដេចតេជោដែលនឹងអញ្ជើញធ្វើដំណើរ ទៅកាន់បណ្ដាខេត្តនានា ជាប់បឹងទន្លេសាបនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន មិនខ្វល់អំពីការរិះគន់ពីក្រុមប្រឆាំងមួយចំនួន ដែលថាសម្ដេចយកឱកាសឃោសនារកសំឡេងឆ្នោតនោះទេ ពីព្រោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាការងាររបស់នាយករដ្ឋមន្ត្រី។
សម្ដេចថាត្រូវតែទៅជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។
សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមជានាយករដ្ឋមន្ត្រីសម្ដេចមិនសម្ងំនៅផ្ទះនោះទេ ខណៈដែលប្រជាពលរដ្ឋរបស់សម្ដេចកំពុងជួបការលំបាកនោះ ដែលទាំងអស់នេះ គឺជាចរិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែផ្សារភ្ជាប់ ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាំងពីដើមរៀងមក ៕
