ប្រតិភូក្រសួងអប់រំ និងក្រុមការងារបេសកកម្ម ADB ធ្វើទស្សនកិច្ចរួមគ្នា នៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល

ភ្នំពេញ៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើទស្សនកិច្ចរួមគ្នា នៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ក្រោមការដឹកនាំដោយ លោក អាប់ ឃាង អនុប្រធានគ្រប់គ្រងគម្រោង (USESDPII) លោក ម៉ា សុភា ប្រធានក្រុមការងារបេសកកម្ម (ADB) និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ADB ថ្នាក់នាំគម្រោង ទីប្រឹក្សាគម្រោង មន្ត្រីអនុវត្តគម្រោង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការជួសជុលអគារធនធាន ការកែលម្អបន្ទប់រៀន២ជាបន្ទប់ពិសោធ ការងារបរិស្ថាន និងសុវត្ថិភាពសង្គម។ ប្រតិភូបានចុះពិនិត្យអាគារធនធានដែលបានជួសជុល បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងបន្ទប់រៀនចំនួន២ ដែលបានប្រែក្លាយជាបន្ទប់ពិសោធន៍ ព្រមទាំងសម្ភារៈពិសោធន៍ដែលបានបំពាក់ និងសៀវភៅដែលបានផ្គត់ផ្គង់។
ជាលទ្ធផល ទស្សនកិច្ចនេះ ប្រតិភូបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលារៀន និងគ្រូបង្រៀន។ ក្រុមការងារក៏បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងផ្ដល់អនុសាសន៍មួយចំនួន៕


