រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រង និងប្រតិបត្តិការទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជន ចំនួន៦ទីតាំង

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រង និងប្រតិបត្តិការទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជន ចំនួន៦ទីតាំង ដែលបានសាងសង់ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រោមឥណទានធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង កំពង់ធំ កំពត និងខេត្តកែប ដោយមានការចូលរួមពីតំណាងក្រសួងសាធារណៈនិងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តសាមី។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចែករំលែកបទពិសោធន៍ ស្វែងរកដំណោះស្រាយ និងរៀបចំយន្តការគ្រប់គ្រង និងប្រតិបត្តិការទីលានខាងលើ។
ក្រោមកិច្ចគាំទ្របច្ចេកទេសរបស់ក្រសួងបរិស្ថាន និងទិន្នន័យឌីជីថលដែលសហការរៀបចំដោយក្រុមការងារ LUMA រដ្ឋបាលខេត្តទាំង៦ ដោយមានរដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធជាសេនាធិការនឹងសិក្សាអំពីទីតាំងបង្កើតសំណល់ ដើម្បីឈានទៅការរៀបចំសេវាប្រមូលចំណូល (កម្រៃសេវាសំរាម) សម្រាប់គាំទ្រការផ្តល់សេវាទាំង២ (សេវាប្រមូលដឹកជញ្ជូន និងសេវាទុកដាក់សំរាម សំណល់រឹង)៕

