គ្រួសារអតីតយុទ្ធជនពលីនៅស្រុកប្រាសាទបល្ល័ង្ក បានទទួលខ្នងផ្ទះទី២១៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជនពលី នៅភូមិជន្លុស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី ព្រាប ប៊ន អាយុ៦៤ឆ្នាំ មានកូនក្នុងបន្ទុកចំនួន២នាក់ ត្រូវជាភរិយា លោកពលបាលឯក ប៊ិន រុន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៧៩ នៅអង្គភាពយោធាស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបានពលីជីវិតឆ្នាំ១៩៨៣ ពេលដែលប្រយុទ្ធនៅសមរភូមិ អូរពោធិ ខេត្តព្រះវិហារ ដោយមានជីវភាពលំបាកខ្វះខាតនិងមិនមានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឲ្យបានសមរម្យ និងឃើញពីការលំបាកនេះ អាជ្ញាធរដែនដី ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៧ ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីនិងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍ នូវគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់យើង ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះដែរត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
លោកស្រី ព្រាប ប៊ន គ្រួសារអតីតយុទ្ធជនពលីនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់គាត់ ៕

