សម្ដេចតេជោ ហ៊ុន សែន៖ ការដោះដូររដ្ឋមន្ត្រី ជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី មិនបាច់សុំយោបល់ពីក្រុមប្រឆាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ទៅក្រុមប្រឆាំងថា ការដោះដូររដ្ឋមន្ត្រី ជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី មិនបាច់សុំយោបល់ ពីក្រុមប្រឆាំងនោះទេ ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នាថ្ងៃទី១៧ តុលា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅលើលោកិយមានតែក្រុមក្បត់ជាតិ ៣ជំនាន់ទេ ដែលចាញ់ឆ្នោតចង់ធ្វើប្រធានសភា ។
សម្តេចតេជោ ប្រកាសហៅទណ្ឌិត សម រង្ស៉ី ជាពូជក្បត់ជាតិ ៣ជំនាន់ ។ បានសម្តេច ប្រាប់អ្នកនៅបារាំង ដែលគាំទ្រពូជក្បត់ជាតិ ៣ជំនាន់ថា នៅថ្ងៃទី១២ ធ្នូចុងឆ្នាំនេះ សម្តេចអញ្ជើញដល់ទីក្រុងព្រុចសែល ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា ៥០០ឆ្នាំនេះ មិនមាននរណា ខូចជាងជនពូជក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី នោះដែរ ៕
