ក្រុមការងារសណ្តាប់ធ្នាប់ បន្តការងារយ៉ាងសកម្ម ដើម្បីរៀបចំ និងសម្រួលការចតយានយន្តរបស់ភ្ញៀវទេសចរណ៍

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានខិតខំកែប្រែទីតាំងជាច្រើនកន្លែង ធ្វើយ៉ាងណារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការលក់ដូររបស់បងប្អូនអាជីវករ ជាពិសេស រៀបចំឱ្យមានចំណតចតយានយន្តរបស់អ្នកទេសចរដែលមានបំណងចូលទស្សនានៅតាមប្រាសាទ ឬរមណីយដ្ឋាននានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ។
លោក សោម ហ៊ត់ អនុប្រធានប្រចាំការ សណ្តាប់ធ្នាប់ នៅមុខប្រាសាទអង្គរវត្ត បានឱ្យដឹងថា នៅខាងមុខប្រាសាទអង្គរ មានទីតាំងចំណតសម្រាប់ចតយានយន្តគ្រប់ប្រភេទយ៉ាងធំទូលាយ និងអនុញ្ញាតឱ្យភ្ញៀវទេសចរចូលចតក្នុងចំណតទាំងនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។

លោកបន្តថា ក្រុមការងារសណ្តាប់ធ្នាប់ប្រចាំការតាមគោលដៅនីមួយៗ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស នៅតាមដងផ្លូវដោយជំរុញណែនាំឱ្យម្ចាស់យានយន្តដែលចតគ្មានរបៀបរៀបរយ នៅតាមដងផ្លូវ ត្រូវចូលមកចតនៅក្នុងចំណតជាដើម។
លោកបន្តទៀតថា ទោះបីពេលខ្លះក្រុមការងារលោក ត្រូវប្រឈមមុខ និងការប្រមាថមាក់ងាយពីសំណាក់ជនមួយចំនួន ក្រោយពួកគាត់បានណែនាំឱ្យយកយានជំនិះទៅរក្សាទុកក្នុងទីតាំងចំណតឱ្យបានត្រឹមត្រូវក្តី។
លោក សុខ សីហា អ្នកដឹកភ្ញៀវទេសចរមួយរូបនៅខាងមុខប្រាសាទអង្គរវត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងចំណតយានយន្តបានយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រាសាទអង្គរវត្ត។ ចំណែកឥរិយាបទនៃការចតយានជំនិះរបស់ភ្ញៀវទេសចរវិញ ក៏បានចូលរួមយ៉ាងសកម្មតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរាដែរ។
ដើម្បីឱ្យសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់រមណីយដ្ឋានអង្គរ មានរបៀបរៀបរយ មិនកកស្ទះ មានសោភ័ណភាពស្រស់ស្អាត ស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ចាំបាច់ណាស់ត្រូវមានការចូលរួមពីសំណាក់ភ្ញៀវទេសចរគ្រប់រូបមិនអាចខ្វះបានឡើយ៕

