ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន និងប្រជាពលរដ្ឋនៅស្រុកមេមត់

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណជិត ២០០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងពីសកម្មភាពការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំថា ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន។
គម្រោងបោសសម្អាតមីន នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះ មានរយៈ ៦ ខែ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ គិតមកដល់នេះមានរយៈពេល ជាង ៣ ខែ ប្រតិបត្តករ (NPMEC) បោសសម្អាតសម្រេចបាន ៧០ ភាគរយ និងបញ្ចប់ការដ្ឋានបោសម្អាតមីន ១០០ ភាគរយ មុនផែនការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងនោះដែរ កងកម្លាំងក៏បានបន្តស្រាវជ្រាវ តំបន់ដែលមានគ្រាប់មីន មិនទាន់ផ្ទុះក្នុងតំបន់ស្រុកមេមត់ មានចំនួន ១៣០ ហិចតា ដោយបានលើកគម្រោងស្នើសុំទៅសម្តេចតេជោ ដើម្បីបន្តការបោសសម្អាតមីនទាំងនេះ អោយអស់ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០ គ្រាប់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥៕

