មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី វាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ឯកឧត្ដមមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។
ជាមួយគ្នានោះ ឯកឧត្ដមមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានស្នើសុំឱ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ចែករំលែកអំពីបទពិសោធន៍ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ ហើយដែលតាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែកអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទាំងនៅក្នុងយន្តការថ្នាក់ជាតិ ក៏ដូចជាការចូលរួមរបស់កងទ័ពនៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

