អគ្គនាយករង ប.ស.ស. ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.។
ឯកឧត្តមបណ្ឌិតហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងថា កន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានពុះពាររាល់ការលំបាកក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងគោលនយោបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានបន្តជំរុញលើកទឹកចិត្ត និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានមួយនេះ ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាសមាជិករបស់ខ្លួន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ ក្នុងការដឹកនាំអនុវត្តប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀតទៅលើការងារដែលសម្រេចបាន ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ ដើម្បីសម្រេចបានលទ្ធផលការងារឱ្យកាន់តែប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ សរុបប្រមាណជាង ៣០នាក់៕

