ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ ឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែរឹងមាំ។
ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នាថ្ងៃទី២៩ ខែកញ្ញា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ពិតណាស់ បណ្តាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធជាតិកន្លងមក សុទ្ធតែមានការឧបត្ថម្ភគាំទ្រចូលរួមចំណែកដោយផ្ទាល់របស់កម្លាំងមហាជនពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ, ការរួមចំណែកកសាងអភិវឌ្ឍជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងទៅនេះ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតសម្រេចបានជោគជ័យគួរជាមោទនៈផងដែរ ៕

