អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញអាជ្ញាធរស្រុកក្រគរថ្មី ត្រូវខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ។
ការជំរុញរបស់ ឯកឧត្តម ខូយ រីដា បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ សរុបចំនួន ២រូប នៅបរិវេណសាលាស្រុកក្រគរ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក អ៊ន សុផល្លា ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោក ក្រូច សុខុន ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លីវ សេងហ៊ីម អតីតអភិបាលស្រុកក្រគរ ដែលបានបំពេញបេសកកម្មការងារជូនជាតិ និងប្រជាជនយ៉ាងសកម្មរហូតដល់ថ្ងៃចូលនិវត្តន៍។
ទន្ទឹមនឹងនេះ ឯកឧត្តម បានសម្តែងការជឿជាក់យ៉ាងមុតមាំ ចំពោះអភិបាលស្រុកក្រគរថ្មី ដែលត្រូវបានតែងតាំងពីអភិបាលរងស្រុកកណ្តៀង ដោយកត់សម្គាល់ថា «មន្ត្រីរូបនេះ គឺជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ មានបទពិសោធន៍ការងារជាក់ស្តែង និងមានឆន្ទៈមោះមុតក្នុងការបម្រើប្រជាពលរដ្ឋ»។ សម្រាប់អភិបាលរងស្រុកដែលត្រូវបានផ្ទេរភារកិច្ចថ្មី លោកក៏បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវខ្ពស់ នៅកន្លែងបំពេញការងារថ្មីផងដែរ។
ឯកឧត្តម ខូយ រីដា បានជំរុញឱ្យអាជ្ញាធរស្រុកថ្មី ត្រូវខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវមានការបង្អែបង្អង់ ឬការយកកម្រៃក្រៅផ្លូវការឡើយ។ មន្ត្រីត្រូវយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានជំរុញយ៉ាងមុតមាំឱ្យអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរយ និងអនាម័យបរិស្ថាន ពិសេសលើដងផ្លូវឆ្ពោះទៅឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភណភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។ បន្ថែមលើនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបំផុសចលនាដាំដើមឈើឱ្យបានគ្រប់ទីកន្លែងនៅក្នុងស្រុក ទាំងនៅតាមសាលារៀន វត្តអារាម និងតាមដងផ្លូវ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងបង្កើនគម្របបៃតងក្នុងខេត្ត។
ឯកឧត្តម សង្ឃឹមថា ថ្នាក់ដឹកនាំស្រុកថ្មី នឹងរួមសាមគ្គីគ្នាជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីកសាង និងអភិវឌ្ឍស្រុកក្រគរឱ្យកាន់តែរីកចម្រើនថែមទៀត៕

