ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់

ប៉េកាំង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចិននៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់ បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិច បង្ហាញការព្រួយបារម្ភចំពោះប្រតិបត្តិការល្បាតដូចគ្នានេះកាលពីខែមិថុនាកន្លងទៅ។
ចិនបានធ្វើសកម្មភាពយោធាស្ទើរតែរៀងរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ប៉ុន្តែចិនឥលូវបានចាប់ផ្ដើមប្រើឆ្មាំសមុទ្ររបស់ខ្លួន ដើម្បីពង្រឹងការទាមទាមទឹកដីរបស់ខ្លួន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងឆ្មាំសមុទ្រចិនបានឱ្យដឹងថានាវាឆ្មាំសមុទ្រចិននឹងដឹកនាំប្រតិបត្តិការល្បាតអនុវត្តច្បាប់នៅក្នុងតំបន់ដែលស្ថិតនៅ ក្រោមយុត្តាធិការរបស់ចិន។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាឆ្មាំសមុទ្រចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យទឹកដី ព្រមទាំងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ចិន។
គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលចិនក្នុងពេលរយៈពេលជិតមួយខែមកនេះ បានបញ្ជូននាវាឆ្មាំសមុទ្រទៅកាន់ដែនទឹកនៃឆ្នេរភាគខាងកើតតៃវ៉ាន់៕

