អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេបញ្ជាការកំពូលរបស់យោធាអ៊ុយក្រែន បាននិយាយនៅក្នុងបទសម្ភាសន៍មួយចាក់ផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថាកងកម្លាំងអ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង ប៉ុន្តែការប៉ុនប៉ងវាយសម្រុកចូលទីក្រុងកៀវទំនងជាមិនកើតឡើងឡើយ។
លោក Oleksandr Syrskyi មេបញ្ជាការកំពូលរបស់យោធាអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែន TSN ក៏បានលើកឡើងដែរថាការវាយប្រហារណាមួយពីប្រទេសជិតខាង គឺបេឡារុសក៏ទំនងជានឹងមិនកើតឡើងនោះដែរ ជាច្រើនសប្ដាហ៍បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់ថាទីក្រុងមូស្គូបាន និងកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យបេឡារុសចូលរួមកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែន។
«សេណារីយ៉ូដែលទំនងជាងគេបំផុត និងត្រូវបានបញ្ជាក់ដោយប្រភពទិន្នន័យជាច្រើន នោះគឺលទ្ធភាពនៃការវាយលុកនៅភាគខាងជើង ចេញពីទឹកដីរុស្ស៉ី ពោលគឺតំបន់ Bryansk»។ នេះជាការគូសបញ្ជាក់របស់លោក
Syrskyi ដោយបន្ថែមថានេះជាជម្រើសប្រាកដប្រជាមួយ ហើយអ៊ុយក្រែនកំពុងត្រៀមលក្ខណៈ សម្រាប់សេណារីយ៉ូបែបនេះ។
តាមលោក Syrskyi គោលដៅនៃប្រតិបត្តិការរបៀបនេះ មិនមែនជាការព្យាយាមវាយរុលចូលទីក្រុងកៀវ ដូចដែលកងកម្លាំងរុស្ស៉ីបានធ្វើកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយដកទ័ព ថយទៅផ្ដោតលើតំបន់ដុនបាស់ស្ថិតនៅភាគខាងកើតអ៊ុយក្រែនវិញនោះទេ។ ប៉ុន្តែរុស្ស៉ីប្រហែលជាមានគោលដៅវាយដណ្ដើមទឹកកាន់ទឹកដីអ៊ុយក្រែនបន្ថែមទៀតក្នុងតំបន់ Chernihiv ហើយបង្ខំឱ្យកងកម្លាំងអ៊ុយក្រែនប្រយុទ្ធក្នុងសមរភូមិថ្មីមួយទៀតនៅតាមបណ្ដោយសមរភូមិមុខប្រវែង ១២៥០គីឡូម៉ែត្រ។ ធ្វើបែបនេះគឺរុស្ស៉ីអាចមានចេតនាចង់ឱ្យ អ៊ុយក្រែនទាញកម្លាំងចេញពីខ្សែការពារមួយទៅកាន់ខែ្សការពារមួយទៀត។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Syrskyi យល់ថាបេឡារុសដែលបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួន បើកការវាយប្រហារលើអ៊ុយក្រែននៅពេលរុស្ស៉ីបើកធ្វើសង្រ្គាមដំបូង ទំនងជានឹងមិនយល់ព្រមចូលរួមកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។
លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាច្រើនសប្ដាហ៍មកនេះ បានព្រមានបេឡារុសជាបន្តបន្ទាប់កុំឱ្យលូកដៃក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន៕

